ងោកមួយភាំង រថយន្តជ្រុលចង្កូតទៅ..បុ…..កបង្គោលភ្លើង ស្លា….ប់..ម្នា…ក់របួ..សធ្ង..ន់..ស្រា…ល៤..នាក់
ភ្នំពេញ ៖ រថយន្តPrius មួយគ្រឿង ជិះគ្នា៥នាក់ ស្រី១នាក់ បើកបោះពួយល្បឿនលឿន អ្នកបើកបរងោកមួយភាំង រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង២ដើមជាប់គ្នា បណ្តាលឲ្យស្លាប់ម្នាក់ ពេលរថយន្តគ្លីនិកឯកជនដឹកយកទៅ រងរបួសធ្ងន់ចំនួន៣នាក់ ស្រី១នាក់ ចំណែកអ្នកបើកបររងរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ កែងផ្លូវកៅស៊ូសណ្តរស្ទឹងសាក់សំពៅ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តជួបគ្រោះថ្នាក់ ម៉ាកPrius ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-6574 បើកបរដោយឈ្មោះ ឡាយ រ៉ាវីត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសស្រាល ។ រួមដំណើរដោយជនរងគ្រោះ៤នាក់ ៖ ទី១ ឈ្មោះ គឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយដឹកបញ្ជូនដល់គ្លីនិកស័ង្គម៉ារី ។ ទី២ ឈ្មោះ ជឿន ហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទួលថ្លាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះ ប្រុសស្រី ចំនួន២នាក់ទៀត រងរបួសធ្ងន់ក្នុងស្ថានភាពសន្លប់បាត់ស្មារតី ។
បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំ ជ្រុលទៅបុកបង្គោលភ្លើង២ដើមជាប់គ្នានៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ស្រី១នាក់ ចំណែកអ្នកបើកបររងរបួសស្រាល ។
បើតាមអ្នកបើកបរបានឲ្យដឹងថា ងងុយដេក ទើបជួបគ្រោះថ្នាក់បែបនេះ។ជនរងគ្រោះរបួសធ្ងន់ទាំង៤នាក់ មានបុរស២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនស័ង្គម៉ារី ដឹកយកទៅ តែជាអកុសល ដល់គ្លីនិក បានស្លាប់ម្នាក់ឈ្មោះ គឹម ឈាង ភេទប្រុស អាយុ៣១ឆ្នាំ ចំណែកជនរងគ្រោះ២នាក់ទៀត ប្រុស១នាក់ ស្រី១នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ រីឯអ្នកបើកបរត្រូវបាន ហៅនាំទៅសំចតនៅប៉ុស្តិ៍ក្រាំងពង្រ តែឃើញសភាពមិនស្រួល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យផងដែរ ។