ជនសង្ស័យមួយក្រុម ចេញពីភ្នំពេញ ទៅជាប់ខ្នោះនៅខេត្តព្រះសីហនុ ករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋ
ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យមួយក្រុមមានគ្នា ៧នាក់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតចាប់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូប របស់ប្រជាពលរដ្ឋយ៉ាងសកម្ម។ ពួកគេបានធ្វើដំណើរពីរាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពី ការិយាល័យជំនាញ បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៧នាក់ ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់) ដោយកម្លាំងល្បាតមុខសញ្ញាសង្ស័យ និងតាមពីក្រោយក្រុមជនសង្ស័យ រហូតពួកគេធ្វើសកម្មភាពឆកការបូបពីស្ត្រីម្នាក់ ដែលបម្រុងដើរឆ្លងនៅម្ដុំផ្លូវកែងរ៉ា។ ករណីនេះកម្លាំងបានឃើញក៏បានធ្វើការបង្ក្រាប និងស្រាវជ្រាវតាមចាប់បានជាបន្តបន្ទាប់ និងដកហូតបានសម្ភារវត្ថុតាងមួយចំនួន។
ជនសង្ស័យចំនួន ៧នាក់ មានឈ្មោះ ផល លុច ហៅ ចាស់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានភ្នំពេញ ឈ្មោះ ណែម ផានិត ហៅ ខ្និត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅរាជធានភ្នំពេញ ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឈ្មោះ ឃុត សុជាតិ ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកម្ហូប ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឈ្មោះ ឆាន់ ណាទ្រីវ ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឈ្មោះ នាង សុផា ហៅ ឡេវ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ហ៊ួ គឹមសេង ហៅ ពូជ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ចំពោះសម្ភារវត្ថុតាងចាប់យកបាន ម៉ូតូចំនួន ៥គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព។ ករណីនេះ ជនសង្ស័យទាំង៧នាក់ រួមនឹងសម្ភារចាប់បាន ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមច្បាប់៕