បង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នំា២០២៤នេះ បង្ក្រាបនេះបានធ្វើឡើងក្រោយមានកការរាយការណ៍ពីប្រជាពលរដ្ឋ នៅភូមិឈើទាលជ្រុំ ថាមានជនល្មើសជាច្រើនអ្នកមកពីបណ្តាខេត្តផ្សេងៗ និងប្រជាជននៅមូលដ្ឋានស្រុវាលវែង បានទៅអារឈើនៅភ្នំសំកុសមកលក់ឈ្មួញឈើ រស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ដែលរកស៊ីយូរឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះឈ្មួញឈើទាំងនេះ បានរលំឈើធំៗរាប់ពាន់ដើមដែលមានមុខធំជាច្រើនផងដែរ។
គួរឱ្យដឹងថា រយៈពេលជាង១ខែ នៃប្រតិបត្តិការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង កម្លាំងចម្រុះបានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ១០,៨២១.៦៥ហិកតា រកឃើញជនសង្ស័យចំនួន ៥០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៨ករណី។ ជាមួយគ្នានេះក្រុមការងារចម្រុះបានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបានចំនួន ៩២នាក់។
លើសពីនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិមួយចំនួនធំ និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងជាច្រើនប្រភេទផងដែរ។
ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បច្ចុប្បន្នក្រុមកម្លាំងចម្រុះ ដែលរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្រ្តីឧទ្យានុរក្សចំនួន ៧៨៩នាក់ ចែកគ្នាជា១០ក្រុម បានប្រតិបត្តិការយ៉ាងក្តៅដើម្បីបង្រ្កាបទប់ស្កាត់បទល្មើសកាប់គាស់ រុករាន ដុតឆ្ការ ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាកម្មសិទ្ធិក្នុងភូមិសាស្រ្តស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។
ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០% ក្នុងឆ្នាំ២០៥០៕