យោធារុស្ស៊ីនិយាយថា ខ្លួនបានវាយកំទេចប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាស (HIMARS) របស់អ៊ុយក្រែនចំនួន២គ្រឿង
រុស្ស៊ី៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានឱ្យដឹងថា ប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាស( HIMARS) ជាឧបករណ៍បំពាក់ដោយសព្វាវុធរបស់សហរដ្ឋអាម៉េរិកផ្ដល់ទៅឱ្យប្រទេសអ៊ុយក្រែន ចំនួន២គ្រឿងត្រូវបានកងកម្លាំងរបស់ខ្លួនវាយកំទេច។
អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមឱ្យដឹងដែរថា ខាងកងកម្លាំងទ័ពអាកាសពិសេសរបស់ខ្លួនបានធើ្វការវាយប្រហារមកលើទីតាំងជំរកយោធាបណ្ដោះអាសន្នមួយរបស់កងពលតូចរថពាសដែកលេខ ៩២របស់អ៊ុយក្រែនប្រចាំនៅក្នុងទីក្រុង Kharkov នៅជិតប្រជុំជន Malotaranovka ក្នុងតំបន់ Donetsk និងសម្លាប់ទាហានសត្រូវប្រមាណ ១០០នាក់ រួមនិងគ្រឿងសព្វាវុធផ្សេងៗជាច្រើន ដែលក្នុងនោះក៏មានទាំងប្រព័ន្ធកាំជ្រួចផ្លោងហ៊ីម៉ាសរបស់អាម៉េរិកចំនួន ២ពីរគ្រឿងផងដែរ។
រីឯស្ថានការណ៍នៅក្នុងទីក្រុងមីកូឡាវ(Mykolaiv) ឯណោះវិញ លោក Igor Konashenkov ក៏បានឱ្យដឹងដែរថា កងកម្លាំងទ័ពអាកាសពិសេសរបស់រុស្ស៊ីក៏បានធើ្វការវាយប្រហារកំទេចទីតាំងជំរកយោធាបណ្ដោះអាសន្នមួយកន្លែងរបស់ក្រុមទាហានស៊ីឈ្នួលបរទេស ហើយរួមនិងទីតាំងយោធាផ្សេងៗមួយចំនួនទៀត ដែលរួមមាន ទីបញ្ជាការយោធាចំនួន ៦កន្លែង ហើយនិងឃ្លាំងស្តុកសព្វាវុធចំនួន ៦កន្លែង។ ចំណែកឯការប្រយុទ្ធគ្នានៅឯខាងផ្លូវអាកាសវិញ យន្ដហោះចម្បាំង Su-35 របស់រុស្ស៊ីបានធើ្វការបាញ់កំទេចយន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែនមួយគ្រឿង ហើយនិងឧទ្ធម្ភាគចក្រចំនួន ២គ្រឿង រួមនិងយន្តហោះដ្រូនចំនួន ១១គ្រឿងផ្សេងទៀត។
ដោយឡែកភាគីអ៊ុយក្រែនឯណោះវិញ បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានទទួលជោគជ័យក្នុងការវាយច្រានកងទ័ពរុស្ស៊ីដែលបានព្យាយាមវាយចូលមកក្នុងទីប្រជុំជន Slavyansk ហើយនិងទីក្រុង Kramatorsk ក្នុងតំបន់ Donetsk និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់សត្រូវ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect