ឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត !!!
(ប៉ោយប៉ែត)៖ ព្រឹកថ្ងៃពុធទី០៥ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ដេីម្បីពិនិត្យបូកសរុបលទ្ធផលការងារនាពេលកន្លងមក និងលេីកទិសដៅការងារសំខាន់ៗចំពោះមុខដែលត្រូវអនុវត្តបន្តឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសេីរចំពោះក្រុមការងាររដ្ឋបាលក្រុង ប៉ោយប៉ែត កម្លាំងនគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងសង្កាត់ទាំង៥ទូទាំងក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ សហការគ្នា ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះការងារភារកិច្ចនាពេលកន្លងមក។ ជាក់ស្តែងកិច្ចការងារកែលំអសោភ័ណភាព និងគុណភាពហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព របស់មូលដ្ឋាន ហេីយក្នុងនោះដូចជាករណីសត្វគោដែលម្ចាស់ប្រលែងដេីរពាសវាលពាសកាល ក្នុងក្រុងប៉ោយប៉ែត ដែលធ្វេីឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កការរំខានដល់ការចរាចរណ៍តាមដងផ្លូវ និងអាចបណ្តាលឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍កន្លងមក ពេលនេះត្រូវបានលុបបំបាត់ទាំងស្រុង ដោយសារការសហការរបស់ក្រុមការងារគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានស្នេីឱ្យរដ្ឋបាល ក្រុង កងកម្លាំងសមត្ថកិច្ច និងក្រុមការងារទាំងអស់គ្នាបន្តកិច្ចសហការ អនុវត្តការងារភារកិច្ចបន្តបន្ទាប់ទៀត ក្នុងនាមជាក្រុមគ្រួសារ កក់ក្តៅ ដេីម្បីបង្កេីតភាពសុខសាន្តរុងរឿង និងការរីកចម្រេីនក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតយេីងទាំងអស់គ្នា៕