Uncategorized

ពេលនេះអ្នកសារព័ត៌មានម្នាក់ដែលត្រូវ កងរាជអាវុធហត្ថ ឃាត់ខ្លួន បានដោះលែង ត្រឡប់មកផ្ទះវិញហើយ…

ខេត្តបន្ទាយមានជ័យ ÷ នៅម៉ោងប្រមាណជា ១១ : ៣០ នាទីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤នេះ អង្គភាពសារព័ត៌មាន យើងបាន ទទួលព័ត៌មានមកថា អ្នកសារព័ត៌មាន ម្នាក់ នៅក្រុងប៉ោយប៉ែត ដែលត្រូវបាន កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ខណៈកំពុងបំពេញ តួនាទី ភារកិច្ច តាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ថតពីសកម្មភាព សមត្ថកិច្ចចុះបង្រ្កាបជនបរទេស ដែលប្រើប្រាស់អំពើហឹង្សាដាក់គ្នាទៅវិញ ទៅមក ខណៈពេលនេះ ត្រូវបានដោះលែង អោយត្រឡប់មកផ្ទះវិញហើយ ។ នេះបើយោងតាមការ សរសេរខេបសិន របស់លោក ស៊ូ វណ្ណា តាមប្រព័ន្ធតេលេក្រាមថា « បងប្អូនជាទីស្រលាញ់ ដែលបារម្មពីខ្ញុំ ខ្ញុំអត់អីទេ គ្រាន់តែជារឿងយល់ច្រឡំតិចតូចទេ ឥឡូវនេះខ្ញុំមកដល់ផ្ទះវិញហើយ »។

សូមបញ្ជាក់ថា ដំបូងឡើយ អង្គភាពយើង ទទួលព័ត៌មានមកថា អ្នកសារព័ត៌មានម្នាក់ ត្រូវ កម្លាំង អន្តរាគមន៍ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការ ដកហូតទូរស័ព្ទ និង ចាប់ព័ទ្ធដៃទៅក្រោយ ហើយ ចាក់ខ្សែរួតពណ៌.ស រួច ញាត់ដាក់ចូលរថយន្ត យកទៅ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ។ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងទើបទទួលបាន នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

ប្រភពបន្តឲ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន អ្នកសារព័ត៌មាន គឺ ខណៈអ្នកសារព័ត៌មានរូបនេះ រួមជាមួយ អ្នកសារព័ត៌មាន ដទៃទៀត កំពុង បំពេញតួនាទី ភារកិច្ច តាមវិជ្ជាជីវៈ ថត ផ្តិត យករូបភាព កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាប ជនបរទេស (ជនជាតិឥណ្ឌូនេស៊ី) ចំនួន ពីរក្រុម ដែលបាន វាយ ប្រតាយប្រតប់ គ្នា កាលពីវេលាម៉ោង ៤: ៣០នាទី ជិតភ្លឺ នៅចំនុចខាងក្រោយ ហ្គោលដិនស្ទូចត្រី ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឈានចូលព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ។

យោងតាមប្រភពឲ្យដឹងទៀតថា កម្លាំង អន្តរាគមន៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការ ឃាត់ខ្លួន ជនបរទេស បានជាង ៤០នាក់ យកទៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង អនុវត្តន៍តាមនីតិវិធី ។

ចំពោះការឃាត់ខ្លួនអ្នកសារព័ត៌មាន ខណៈកំពុងបំពេញតួនាទី តាមវិជ្ជាជីវៈ ដោយ ថត និង ផ្តិតយករូបភាព ពីសកម្មភាព របស់សមត្ថកិច្ច ចុះបង្រ្កាបជនបរទេស ដែលបានប្រើប្រាស់ហឹង្សាដាក់គ្នានេះ ត្រូវបានអ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត លើកឡើងថា ទង្វើមួយនេះ គឺជាការ រឹតត្បិត និង ជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសគ្នាយ៉ាងដាច់ស្រឡះ បើប្រៀបធៀប ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច រាជធានីភ្នំពេញ គឺ សហការជាមួយ អ្នកសារព័ត៌មាន ផ្ដល់តំលៃ និងគោរពសិទ្ធិ យ៉ាងពេញលេញ មិនធ្វើការហាមឃាត់ ឬ ចាប់ខ្លួនអ្នកសារព័ត៌មាន ដូចនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នោះឡើយ ។

ជុំវិញករណីដូចខាងលើ នៅវេលាម៉ោង ១០ និង ២៦ នាទី ព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ អង្គភាពសារព័ត៌មាន យើង មិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទេ ដោយទូរស័ព្ទ របស់លោក ខលចូលចំនួន ២ ដង តែគ្មានអ្នកទទួល ។

ដូច្នេះ អង្គភាពសារព័ត៌មាន យើង រង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។ ជាចុងបញ្ចប់ សូមអំពាវនាវ ដល់ ស្ថាប័ន មានសមត្ថកិច្ច សូមផ្តល់តំលៃ និង គោរពសិទ្ធិ អ្នកសារព័ត៌មាន ផង ព្រោះ អាជ្ញាធរ និង សមត្ថកិច្ច ព្រមទាំង អ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត និង ទូទាំងប្រទេស សុទ្ធតែបំរើការងារ រួម ដើម្បីផលប្រយោជន៍ ជាតិ ដូចគ្នា តែប៉ុណ្ណោះ ។

អាស្រ័យហេតុនេះ អង្គភាពយើងខ្ញុំ សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះ ខណៈពេលនេះត្រូវបានដោះលែងមកវិញហើយ ៕

Related Articles

Back to top button