ព័ត៌មានជាតិ

ផ្អើលពលរដ្ឋរត់ចែកជើងគ្នា យកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើងក្នុងហាងមួយជិតផ្សារអូរឫស្សី

ភ្នំពេញ៖ សង្ស័យឆ្លងចរន្តចេញពីទីតាំងផ្ទះមួយកន្លែង ដែលមានយីហោ SN collection បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋមានផ្ទះជិតខាង នាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក ជួយបាញ់ពន្លត់ ស្របពេលរថយន្តពន្លត់អគ្គភ័យបានចេញជួយជាច្រើនគ្រឿងដល់ទីតាំងកើតហេតុ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ១៧១ ផ្លូវសុកហុក ក្នុងមូលសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ទីតាំងផ្ទះកំពុងមានជាងជួសជុលផ្នែកខាងក្នុង ខណៈនោះស្រាប់តែមានផ្សែងខ្មៅហុយចេញមកក្រៅ ជាងជួសជុលក៏រត់មកខាងក្រៅ។ ពលរដ្ឋជិតខាងបានជួយយកទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់បានប៉ុន្មាននាទី ស្រាប់តែរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់ទីតាំងកើតហេតុទាន់ពេលវេលា និងបានត្រៀមទុយោទឹកសម្រាប់អន្តរាគមន៍ភ្លាមៗ តែដោយផ្សែងនៅហុយបន្តិចបន្តួចប៉ុណ្ដោះ ម្ចាស់ផ្ទះក៏បានសុំមិនឲ្យរថយន្តអគ្គិភ័យបាញ់ទឹកនោះទេ ព្រោះខ្លាចខូចសម្ភារក្នុងផ្ទះ ដោយអះអាងថា រលត់ហើយ បើសិនជាមានបញ្ហាអ្វីកើតឡើង ខ្លួនជាអ្នកដោះស្រាយ។

ដោយម្ចាស់ផ្ទះបញ្ជាក់ដូច្នេះ ភ្នាក់ងារអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បាននាំគ្នាដកកម្លាំងចេញទៅប្រចាំការនៅគោលដៅដដែលវិញ។ ក្នុងករណីនេះ មន្រ្តីជំនាញបានឲ្យដឹងថា មូលហេតុនៃកាតឆាបឆេះនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងខូចខាតសម្ភារក្នុងផ្ទះបន្តិចបន្តួចប៉ុណ្ណោះ៕

Related Articles

Back to top button