ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២នាក់(ស្រី) និងរបួសធ្ងន់ស្រាលចំនួន ៣នាក់

កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ និងរថយន្តតូច ដោយបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច នៅលើផ្លូវលេខ៤៨ ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២នាក់(ស្រី) និងរបួសធ្ងន់ស្រាលចំនួន ៣នាក់ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកោះកុង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកHYUNDAIMIGHTY ដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A1769 បើកបរដោយឈ្មោះ ផាន ស៊ាងឡេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់) បានបន្សល់នូវឯកសារនៅក្នុងរថយន្តដូចជា ប័ណ្ណចាក់វាក់សាំងកូវីត-១៩ ប័ណ្ណបើកបរប្រភេទ B និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចំណែករថយន្តតូចម៉ាកលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P2636 បើកបរដោយឈ្មោះ ឈួន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឈូក ឃុំជីខលើស្រុកស្រែអំបិល រងរបួសស្រាល។ អ្នករួមដំណើរមានចំនួន ៤នាក់ទៀត ឈ្មោះ ភ័ក្ត្រ ចរិយា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវជាកូន(ស្លាប់) ឈ្មោះ ឈួន លីហ៊ួ ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់ ឈ្មោះ ឈួន គឹមលាង ភេទស្រី អាយុ ៦ឆ្នាំ ត្រូវជាកូន រងរបួសធ្ងន់ អ្នកទាំងពីរ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យភ្នំពេញ។ ចំណែកឈ្មោះ ឡុង ហ៊ួយ ភេទស្រីអាយុ២៧ឆ្នាំ ត្រូវជាប្អូនថ្លៃ(ស្លា.ប់)។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុរថយន្តធំប្រើប្រាស់ល្បឿនលឿនលើផ្លូវកោង រេចង្កូតចូលទៅបុករថយន្តតូចនៅខាងឆ្វេងដែលបញ្ច្រាស់ទិសគ្នា ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ក្រោយកើតហេតុ វត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៃច្បាប់៕

Related Articles

Back to top button