បុរសជនជាតិថៃធ្លាក់ពីលើកាស៊ីណូហ្គេនទីង ហៅអគារ១៨ជាន់ស្លា.ប់ភ្លាមៗ ខណៈមានការសង្ស័យថា…អាចជាករណីឃាតកម្ម?.
ក្រុងប៉ោយប៉ែត៖ មានករណីបែកធ្លាយវីដេអូមនុស្សធ្លាក់ពីលើអគារកាស៊ីណូអនឡាញឈ្មោះហ្គេនទីង (Genting) ឬហៅអគារកាស៊ីណូ១៨ជាន់របស់អ្នកឧកញ៉ាកុកអាន បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅសង្កាត់ក្បាល១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ម៉ោង២៣ៈ៤០នាទីរំលងអាធ្រាត្រថ្ងៃទី០៧មករា ឆ្នាំ២០២៥ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ តាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន FBRTVhotnews ទទួលបានពីបុគ្គលិកកាស៊ីណូក្បែរនោះ បានឱ្យដឹងថា ជាករណីធ្វើអត្តឃាត ប៉ុន្តែមនុស្សមួយចំនួនសង្ស័យថា អាចជាអំពើឃាតកម្ម…។
ប្រភពពីប្រជាពលរដ្ឋដែលសុំលាក់អត្តសញ្ញាណម្នាក់បានឱ្យដឹងថា សពដែលធ្លាក់ពីលើអគារកាស៊ីណូ១៨ជាន់នោះ គឺជាមនុស្សប្រុស ជាជនជាតិថៃ ធ្លាក់ពីលើអគារជាន់ទី១៦មកទើលើរថយន្តស្តារិកចតចោលនៅខាងក្រោមបណ្តាលឱ្យកំពិតដំបូលរថយន្ត ឯមនុស្សបានស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ប្រភពឱ្យដឹងបន្តថា អគារកាស៊ីណូ១៨ជាន់នេះ ជាប្រភេទអគារបុគ្គលិកស្នាក់នៅ និងមានបង្កប់អនឡាញនៅខាងក្នុងនោះផងដែរ។ អគារខាងលើមានបុគ្គលិកបម្រើការងារដូចជា៖ ខ្មែរ ថៃ ឥណ្ឌូណេស៊ី ចិន និងបរទេសផ្សេងទៀត បាននាំគ្នាស្នាក់នៅ និងធ្វើការអនឡាញនៅទីនោះតែម្តង។ ករណីធ្លាក់មនុស្សស្លាប់ខាងលើនេះ ត្រូវបានមេការរបស់ម្ចាស់អគារធ្វើការហាមឃាត់មិនឱ្យមានការចូលទៅមើលសាកសពនោះទេ ពោលគឺម្ចាស់អគារព្យាយាមបិទព័ត៌មានមិនឱ្យចេញក្រៅ ប៉ុន្តែវីដេអូមួយត្រូវបានបែកធ្លាយនៅយប់ថ្ងៃទី០៨មករា បង្ហាញពីការធ្លាក់មនុស្សស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើល និងបានចែករំលែកតៗគ្នាពីម្នាក់ទៅម្នាក់យ៉ាងផុលផុស។
ទោះយ៉ាងណា អង្គភាពសារព័ត៌មាន បានព្យាយាមសុំការបំភ្លឺពីលោក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែរ តែលោកបានបញ្ជាក់ថា ស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ ពោលគឺមិនអាចនិយាយអ្វីបាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ខណៈមនុស្សមួយចំនួនមានការសង្ស័យថា អាចជាករណីឃាតកម្មច្រើនជាង ព្រោះក្នុងអំឡុងពេលមានមនុស្សធ្លាក់ចុះមកនោះ មានឃើញមនុស្សឈរនៅក្បែរនោះផងដែរ។ សូមបញ្ជាក់ថា អគារកាស៊ីណូអនឡាញរបស់អ្នកឧកញ៉ា កុក អាន មួយនេះ ត្រូវបានគេឱ្យដឹងថា មានការហាមឃាត់តឹងរឹងណាស់ សូម្បីសមត្ថកិច្ចនគរបាលក្រុង ឬកម្លាំងកងរាជអាវុធហត្ថក្រុង-ខេត្ត ក៏ពិបាកនឹងចូលទីតាំងខាងលើនេះដែរ…៕