ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យការជួសជុលផ្លូវបេតុងដែលខូចខាតនៅក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ចុះពិនិត្យការជួសជុលផ្លូវបេតុងដែលខូចខាត ចំនួន២កន្លែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជាការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរភូមិ សង្កាត់ ក្រុង បន្តជួសជុលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច និងរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ ដែលផ្លូវបេតុង ផ្លូវគ្រោះថ្មមិច មួយចំនួនត្រូវបានខូចខាតកាលពីខែវស្សាកន្លងមក។
ឯកឧត្តបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ អ្វីដែលជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងអាជ្ញាធរក្រុងប៉ោយប៉ែត តែងតែចុះដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តបណ្ឌិតបញ្ជាក់ថា៖ ជាក់ស្តែងក្រោយពីរដូវវស្សាកន្លងផុតទៅ ផ្លូវដែលរងការខូចខាតបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរ និងមានសំំណូមពរសុំជួយជួលជុលសម្រួលផ្លូវផងនោះ អាជ្ញាធរ រួមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការជួលជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឃើញមានផ្លូវគ្រោះថ្មមិចជាច្រើនខ្សែ ផ្លូវបេតុងជាច្រើនកន្លែង ត្រូវគឺអាជ្ញាធរកំពុងខិតខំប្រឹងប្រែងជួសជុលឡើងវិញ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរសុំមេត្តាយោគយល់ផង នៅពេលដែលផ្លូវកំពុងធ្វើការជួសជុលនេះ ត្រូវបិទជាបណ្តោះអាសន្នសិន ដើម្បីគុណភាពឲ្យបេតុងរឹងមាំ ជាប់បានយូរ ហើយអាជ្ញាធរ និងបិទស្លាកសញ្ញាការដ្ឋានឲ្យបានត្រឹមត្រូវ៕