Uncategorized

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន..

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាល ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖ ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តសៀមរាប, ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម, ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។

ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពល្អប្រសើរផ្នែកសន្តិសុខនេះ នឹងបន្តកើតមានតទៅទៀត ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ជាពិសេសពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស អាវភ្លៀង ចំនួន ៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាល ចំនួន ១ ០០០នាក់ ដោយក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល ផងដែរ៕

Related Articles

Leave a Reply

Back to top button