ព័ត៌មានជាតិ

ទាស់ពាក្យសំដី ជិះម៉ូតូដេញកាប់គ្នា បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់.!

(ក្រចេះ) ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលនគរបាលស្រុកស្នួលឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យពីរនាក់ខាងលើ ទី១-ឈ្មោះ ថន សុខហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ឆន ម៉ាន់នី (ហៅតូនី) ភេទប្រុស អាយុ ២០ឆ្នាំ ។ អ្នកទាំងពីរស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានបញ្ជូនសង្គ្រោះភ្លាមៗ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពីបានចាប់ខ្លួនជនសង្ស័យទាំងពីអ្នក បានឆ្លើយសារភាពថា ពួកខ្លួនមានគ្នាចំនួន ៣នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក់ឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ទៅលេងនៅវិមាន ២ធ្នូ ហើយក៏មានទំនាស់ជាមួយបុរសមិនស្គាល់អត្តសញ្ញាណចំនួន ៣នាក់ ក្នុងនោះមានម្នាក់កាន់ដុំថ្ម ម្នាក់កាន់ខ្សែក្រវ៉ាត់ និងម្នាក់ទៀតកាន់ដាវ ១ដើម ចាំស្ទាក់គប់ និងកាប់ពួកខ្លួន ។ ក្រោយពេលមានទំនាស់ ក្រុមជនសង្ស័យ ក៏ជិះម៉ូតូទៅយកកាំបិតផ្គាក់ សំដៅទៅរកក្រុមជនរងគ្រោះ លុះជិះមកដល់មុខ សណ្ឋាគារចម្ប៉ាពេជ្រ ក៏បានធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ ដែលជិះម៉ូតូម៉ាក់ឌ្រីមសង់ម្នាក់ឯង ត្រូវចំក្បាល ផ្នែកខាងក្រោយ បណ្តាលរងរបួសធ្ងន់ធ្ងរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី ដោយឡែកបក្ខពួកគេម្នាក់ទៀតកំពុងរត់គេចខ្លួន ៕

Related Articles

Back to top button