វិវាទដីធ្លីជាង២០ឆ្នាំមួយកន្លែងនៅក្រុងប៉ោយប៉ែតត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំក្រុមការងារសម្របសម្រួលដោះស្រាយបញ្ចប់ជាស្ថាពរ
(ក្រុងប៉ោយប៉ែត)៖ រសៀលថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាវិវាទដីធ្លីជាមួយគ្នាជាង២០ឆ្នាំកន្លងមក ធ្វេីឱ្យបងប្អូនប្រជាពលរដ្ឋដែលជាគូវិវាទរីករាយបន្លឺសម្លេងសំណេីច សេីចក្អាកក្អាយ និងស្នាមញញឹមជាមួយការពោលពាក្យព្រមគ្នាថា ” យល់ព្រមទាំងអស់គ្នា ” គឺព្រមបញ្ចប់បញ្ហាវិវាទជាង២០ឆ្នាំកន្លងមកនេះ ក្នុងនាមក្រុមជាក្រុមគ្រួសារខ្មែររស់នៅក្រុងប៉ោយប៉ែត និងក្នុងនាមជាប្រជាពលរដ្ឋកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត និយាយជារួម និងប្រជាពលរដ្ឋគូវិវាទនិយាយដោយឡែក ដែលបងប្អូនមានជំហរ និងឆន្ទៈស្រលាញ់វប្បធម៌សន្តិភាព ហេីយចេះរួបរួមគ្នាក្នុងស្មារតីចូលរួមបង្កេីតសុខុដុមនីយកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតយេីងទាំងអស់គ្នា៕