ព័ត៌មានជាតិ

ច្រើនខ្លាំងណាស់! សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥៤គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនបានជាង ៥៤គីឡូក្រាម។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង១៥នាទី សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី, លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិវង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖

គោលដៅទី១៖ នៅចំណុច ភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងគ្រឿងញៀនហេរ៉ូអ៊ីន ៧គីឡូនិង២៦.២ក្រាម។

គោលដៅទី២៖ នៅចំណុច ផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូនិង៩៦៣.៧ក្រាម, កេតាមីន១៣គីឡូជនិង៨ក្រាម។

គោលដៅទី៖ ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុច ផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតមីន(ICE)៦៨៨.៨៦ក្រាម។

គោលដៅទី៤៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅ ផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE)៤១៧.៣៥ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់១៩៣ក្រាម។

ក្នុងប្រតិបត្តិការ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន, ២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ និងរឹបអូសសារធាតុញៀន ៥៤គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម, ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម, មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម, កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម, សារធាតុមិនច្បាស់ទម្ងន់ ១៩៣ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕

Related Articles

Back to top button