ជប៉ុនបង្កើតពពែយន្តដើរដោយថាមពល ដើម្បីដឹកជញ្ជូនទំនិញធ្ងន់ៗ និងជួយសម្រាលកម្លំាងពលកម្មរបស់មនុស្ស
ជប៉ុន៖ ក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន កាវ៉ាសាគិ ហៀវី អ៊ីនដាស់ស្រ្ទ៊ី (Kawasaki Heavy Industries) ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតម៉ាស៊ីនឧស្សាហកម្ម ក៏ដូចជាឧបករណ៍ធុនធ្ងន់ ឥឡូវនេះបានបង្កើតរូបយន្តដំបូងរបស់ខ្លួនដែលមានរូបរាងជាសត្វមានជើងបួន។ ក្រុមហ៊ុន កាវ៉ាសាគិ ជឿជាក់ថា គ្រឿងយន្តប្រភេទនេះអាចជួយដោះស្រាយទៅលើបញ្ហាកង្វះកម្លាំងពលកម្មដល់មនុស្សចាស់ៗនៅក្នុងប្រទេសជប៉ុនបាន។
ពពែយន្តឈ្មោះ “ប៊ែក” (BEX) គឺជាឈ្មោះដែលយកលំនាំតាមសត្វពពែអាហ្វ្រិក និងអឺរ៉ុប។ ពពែយន្ត BEX ដំណើរការដោយថាមពលថ្ម អាចផ្លាស់ទីដោយស្វ័យភាព ឬដោយការបញ្ជាពីចម្ងាយ មានលក្ខណៈសម្បត្តិដូចជា មានស្នែងកោងធំ អាចដើរដោយជើងបួននៅលើផ្ទៃដីដែលមិនរាបស្មើបាន ឬអាចបំលាស់ទីបានលឿនតាមរយៈកង់វិលរបស់ពពែយន្តនេះ នៅលើផ្ទៃដែលរាបស្មើ។ ចំណែកឯសមត្ថភាពនៃការផ្ទុកទម្ងន់វិញ ពពែយន្ត BEX អាចផ្ទុកទម្ងន់បានរហូតដល់ ១០០ គីឡូក្រាម។
មន្ត្រីប្រតិបត្តិការផ្នែកពាណិជ្ជកម្មមនុស្សយន្តរបស់ក្រុមហ៊ុន Kawasaki Heavy Industries លោក ណូប៊ូរឹ តាខាគិ (Noboru Takagi) បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពពែយន្ត BEXនេះ ត្រូវបានរចនាឡើង ដើម្បីជាជំនួយការងារក្នុងវិស័យកសិកម្ម ហើយក៏ជាការឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្មនៅតាមទីជនបទក្នុងប្រទេសជប៉ុន ក៏ដូចជាជំនួយកម្លាំងដល់មនុស្សចាស់ក្នុងការដឹកទំនិញធ្ងន់ៗផងដែរ។
ក្រុមហ៊ុននឹងធ្វើការសាកល្បងសមត្ថភាព ពពែយន្ត ឈ្មោះ Bex នៅឆ្នាំ២០២២នេះ ហើយសង្ឃឹមថា រូបយន្តមួយនេះ អាចនឹងដាក់បញ្ចេញជាផ្លូវការនៅឆ្នាំ ២០២៣ ខាងមុខ៕
ប្រភព៖ Reuters Connect