Uncategorized

ព័ត៌មានបឋម៖ ជំនន់ទឹកភ្លៀងកំពុងរំខានដល់ខេត្តប៉ៃលិន ពិសេសតំបន់ច្រកព្រំដែនអន្តរជាតិ

ប៉ៃលិន៖ ជំនន់ទឹកភ្លៀងកំពុងបង្កផលរំខានដល់ភូមិមួយចំនួននៅស្រុកសាលាក្រៅខេត្តប៉ៃលិន ក្រោយភ្លៀងបានធ្លាក់យ៉ាងគំហុកក្នុងកម្រិតចន្លោះពី (៤០-៦០)មម ក្នុងឃុំស្ទឹងកាច់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។

អភិបាលស្រុកសាលាក្រៅ លោក សៀ សុខុម បានឱ្យដឹងថា ពេលនេះភូមិសាស្ត្រស្រុកសាលាក្រៅកំពុងជួបប្រទះជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់តំបន់មួយចំនួននៃច្រកទ្វារអន្តរជាតិព្រំដែន ស្ថិតក្នុងឃុំស្ទឹងកាច់ និងភូមិមួយចំនួនទៀត។ លោកបានបន្តថា ក្នុងថ្ងៃនេះភ្លៀងស្ទើរមួយពេញថ្ងៃហើយ តែនៅមានសភាពតិចជាងខាងប្រទេសថៃទេ ពោលគឺភ្លៀងធ្លាក់ខ្លាំងនៅតំបន់តាប់សៃ ស្រុកពោណារ៉ន ខេត្តចន្ទបូរី ប្រទេសថៃ។ ចំពោះការអន្តរាគមន៍ឆ្លើយតប និងដោះស្រាយ អាជ្ញាធរខេត្ត-ស្រុក បានសហការជាមួយអង្គភាពពាក់ព័ន្ធជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋឱ្យទៅទីកន្លែងដែលមានសុវត្ថិភាពជាបន្តបន្ទាប់ ។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានអះអាងថាស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិចច្រកព្រំដែនកម្ពុជា ថៃ លិចផ្លូវកៅស៊ូ ប្រវែងជាង ១០០ម ផ្លូវបេតុង ១ខ្សែ ប្រវែងប្រមាណ ២០០ម និងជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងភូមិសាស្ត្រខាងលើ។ ប្រភពពីពលរដ្ឋដែលស្ថិតនៅមាត់ច្រកប្រទេសថៃបានឱ្យដឹងថា ប្រសិនបើម៉ោង៩យប់នេះទឹកមិនស្រកនោះ អាជ្ញាធរថៃនឹងមិនអនុញ្ញតឱ្យចេញទៅប្រទេសកម្ពុជាទេ។ យ៉ាងណាមិញ គិតត្រឹមម៉ោង៧យប់នេះ ស្ថានភាពជំនន់ទឹកភ្លៀង បាននឹងកំពុងស្រកទៅវិញបណ្តើរៗផងដែរ។

ដោយឡែក ចំពោះស្ថានភាពធាតុអាកាសនាថ្ងៃដដែលនេះវិញ បន្ទាប់ពីខេត្តប៉ៃលិនទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ ខេត្តនេះនឹងមានសីតុណ្ហភាពចាប់ពី ២៣អស្សាសេ-៣២អស្សាសេ ខ្យល់ប្រែប្រួលទិសមានល្បឿនពី ១-៤m/s។ នៅថ្ងៃទី១៨-២០ ខែតុលានេះ អាចនឹងមានចុះអ័ព្ទ ភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិពីតតិច ទៅច្រើន គ្របដណ្ដប់លើផ្ទៃដីប្រហែល ១០-២០ភាគរយ៕

Related Articles

Back to top button