តើមានអ្វីនៅពីក្រោយករណីភេទទី៣ព្យាយាមគេចខ្លួនចេញពីផ្ទះសំណាក់នៅក្រុងព្រះសីហនុ ខណៈលោកស្នងការរងបញ្ជាក់ខ្លីថា មានវិបត្តិផ្លូវចិត្ត
រស្មី FBR
ខេត្តព្រះសីហនុ៖ កាលពីពេលថ្មីៗ មានហេតុការណ៍ភ្ញាកផ្អើលមួយកើតឡើង នៅចំណុចសណ្ឋាគារក្បែររង្វង់មូលត្រីដូហ្វីន ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានភេទទី៣ ជាជនជាតិបរទេសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ព្យាយាមគេចខ្លួនចេញពីផ្ទះសំណាក់មួយកន្លែងកាលពីថ្ងៃទី០៨កក្កដា ដោយមានកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីអាជ្ញាធរសមត្ថកិច្ច ប៉ុន្តែគិតមកដល់ល្ងាចថ្ងៃអង្គារទី០៩កក្កដានេះ នៅមិនទាន់មានការទម្លាយមូលហេតុដែលនាំឱ្យជនភេទទី៣ខាងលើ សម្រេចចិត្តលោតតាមបង្អួចចុះមកខាងក្រោមនៅឡើយទេ..។
បន្ទាប់ពីមហាជនសម្ដែងការងឿងឆ្ងល់ និងបានសាកសួរមកកាន់អង្គភាពសារព័ត៌មានយើង ជុំវិញករណីជនភេទទី៣ផ្លោះចេញពីបង្អួចផ្ទះសំណាក់សម្រូតតាមខ្សែចុះមកដី អង្គភាពយើងបានព្យាយាមសុំការបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន លោកវរសេនីយឯក តេង វិសាល អធិការនៃអធិការនគរបាលក្រុងព្រះសីហនុ ប៉ុន្តែលោកបានរុញសំណួរនេះជូនទៅលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌជាអ្នកឆ្លើយបំភ្លឺជំនួស ដោយលោកអធិការប្រាប់ថា ហួសដែនសមត្ថកិច្ចរបស់លោកហើយ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង ណុប បញ្ញា បាន ថ្លែងប្រាប់ តាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីនៅឡើយ ខណៈក្រោយមកលោកផ្ញើសារបញ្ជាក់ខ្លីថា «ស្ត្រីជាភេទទី៣រូបនោះ មានវិបត្តិផ្លូវចិត្ត»។
ប្រភពពីប្រជាពលរដ្ឋដែលបានស្គាល់ជនភេទទី៣ខាងលើ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មាន នៅរសៀលថ្ងៃដដែលនេះថា ជនភេទទី៣ ដែលសម្រូតខ្សែចេញពីផ្ទះសំណាក់បង្កការភ្ញាក់ផ្អើលពេញក្រុមព្រះសីហនុនោះ គឺជាជនជាតិឡាវ និងមានឈ្មោះ ពីក ដួងម៉ាឡា Pik Douang Mala អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់លេខ៨៧០៣ បានធ្វើសកម្មភាពប្រើខ្សែយោងទម្លាក់ខ្លួនចុះមកក្រោម ក្នុងទឹកមុខស្លន់ស្លោ ហាក់បីដូចជាភ័យខ្លាច និងគេចចេញពីហេតុការណ៍រឿងអ្វីមួយ? រួចក៏បានសម្រូតខ្លួនលោតចុះមកលើដំបូលផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅក្បែរផ្ទះសំណាក់នោះ ភ្លាមៗអាជ្ញាធរបានយករថយន្តដងស្ទូចដែលមានកន្ក្រក ដើម្បីជួយសង្គ្រោះជនភាទី៣ជាជនជាតិឡាវដែលដំបូងឡើយគេសគ្រប់គ្នាស្មានថាជាស្ត្រី ឱ្យចុះមកក្រោមដោយសុវត្ថិភាព។
ត
យ៉ាងណា ជុំវិញហេតុការណ៍ខាងលើនេះ ពុំមាននរណាម្នាក់ដឹងពីបញ្ហាចម្បងនៅពីក្រោយហេតុការណ៍ដែលជនភេទទី៣រូបនោះ ព្យាយាមរត់គេចចេញពីបន្ទាប់ដែលខ្លួនស្នាក់នៅតាមវិធីទម្លាក់ខ្សែយោងគេចចេញតាមបង្អួចបែបនេះឡើយ ព្រោះភ្លាមៗអាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ បាននាំខ្លួនជនភេទទីបីខាងលើទៅកាន់អធិការនគរបាលក្រុង និងបាននាំបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្ដង។ ខណៈមានដំណឹងផ្សេងៗពីគ្នាថា ជនភេទទី៣រូបនេះអាចនឹងគេចចេញពីការរំលោភបំពានលើរាងកាយរបស់ខ្លួន, អ្នកខ្លះទៀតនិយាយថា អាចជាករណីបែកថ្នាំក៏ថាបាន ទើបធ្វើសកម្មភាពបង្កការភ្ញាក់ផ្អើលបែបនេះ ប៉ុន្តែមនុស្សភាគច្រើនយល់ថា អាចជាករណីគេចចេញពីការចាប់បង្ខាំងមនុស្សខុសច្បាប់ផងដែរ…៕