អាជ្ញាធរខេត្តឧត្ដរមានជ័យ បំភ្លឺជុំវិញករណីជនបរទេសចម្រុះជាតិសាសន៍ប្រដាប់ដោយអា.វុ.ធ.តវ៉ានៅក្បែរច្រកទ្វារព្រំដែនអូរស្មាច់
ក្រុងសំរោង៖ ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃចន្ទទី៦ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់SBM News តាមប្រព័ន្ធទូរសព្ទថា កាលពីថ្ងៃអាទិត្យម្សិលមិញ កម្លាំងជំនាញពាក់ព័ន្ធបានចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំមានគ្នារហូតដល់៥៧នាក់ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់។ យ៉ាងណា លោកស្នងការអះអាងថា ការបង្ក្រាបនោះមិនមានហេតុការណ៍បះទង្គិចរវាងកងកម្លាំងជាមួយជនបរទេស ដែលធ្វើការខុសច្បាប់នៅកម្ពុជានោះឡើយ…។
រូបភាព៖ លោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។
រូបភាព៖ លោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។
លោក ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«[..]មានតែបងប្អូនជនបរទេសហ្នឹងគាត់មកធ្វើការ គាត់ព្រួយបារម្ភរឿងប្រាក់ខែគាត់ អ៊ីចឹង..គាត់ចេញមកតវ៉ា សមត្ថកិច្ចយើងគាត់ចេញទៅសម្របសម្រួល សួរបើកការស្រាវជ្រាវទៅក៏[ឃើញថា]ជាទង្វើ [ជនបរទេសទាំងនោះ] ធ្លាប់ធ្វើការកន្លងមកនៅខេត្តព្រះសីហនុ អត់ប្រាក់ខែ អ៊ីចឹងហើយ[ជនបរទេស]ទើបមកធ្វើនៅនេះ[ខេត្តឧត្ដរមានជ័យ]ប៉ុន្មានថ្ងៃហ្នឹង»។ ដោយហេតុថា ខ្លាចមិនទទួលបានប្រាក់ខែដូចដែលធ្លាប់ធ្វើការនៅកន្លែងចាស់ក្នុងខេត្តព្រះសីហនុ ទើបជនបរទេសទាំងនោះដឹកនាំគ្នាតវ៉ានៅក្បែច្រកព្រំដែនអូស្មាច់។ នេះជាបញ្ជាក់បន្ថែមរបស់លោកស្នងការនគរបាលខេត្តឧត្ដរមានជ័យ។
រូបភាព៖ សកម្មភាពជនបរទេស៥៧នាក់ចេញធ្វើសកម្មភាពតវ៉ា។
រូបភាព៖ សកម្មភាពជនបរទេស៥៧នាក់ចេញធ្វើសកម្មភាពតវ៉ា។
យ៉ាងណា ពាក់ព័ន្ធករណីនេះ លោក ខូវ លី អះអាងថា កម្លាំងជំនាញរបស់លោកកំពុងតែធ្វើការ និងបន្តសួរនាំជនបរទេសទាំង៥៧នាក់ ដែលមានសញ្ជាតិ អាហ្គានីស្ថាន និងនេប៉ាល់។ លោកបញ្ជាក់ថា៖«[..]យើងកំពុងតែធ្វើនីតិវិធីបណ្តេញចេញហើយមើលទៅ ព្រោះពាក់ព័ន្ធទៅ និងការធ្វើការខុសច្បាប់ [ជនបរទេសទាំងនោះ]អត់មានសៀវភៅការងារ[..]»។ សូមរំឭកថា កាលពីថ្ងៃទី៥មករា មានករណីជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមធំមានគ្នាជាង៥០នាក់ បានរត់គេចចេញពីកាសុីណូមួយនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ប្រដាប់ដោយអាវុធ មានដូចជា៖ ដំបងទីប ដំបងឈើ និងកាំបិតជាដើម បាននាំគ្នាដើចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។ ភ្លាមៗក៏ត្រូវបានកម្លាំងជំនាញពាក់ព័ន្ធថ្នាក់ខេត្តចុះអន្តរាគមន៍បង្ក្រាប នាំខ្លួនដឹកបញ្ជូនមកសួរនាំ។
រូបភាព៖ សកម្មភាពជនបរទេស៥៧នាក់ចេញធ្វើសកម្មភាពតវ៉ា។
រូបភាព៖ សកម្មភាពជនបរទេស៥៧នាក់ចេញធ្វើសកម្មភាពតវ៉ា។
ដោយឡែក យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកាស៊ីណូ អូរស្មាច់រីសត បានបង្ហើបឱ្យដឹងថា ក្រុមបុគ្គលិកកាស៊ីណូជាជនបរទេសទាំងនោះ ជាក្រុមធ្វើកាស៊ីណូអនឡាញខុសច្បាប់ ដោយមានការបង្ខំឱ្យធ្វើការលើសម៉ោង និងមិនគោរពច្បាប់ការងារតាមកិច្ចសន្យារបស់មេខ្លោង ដែលនាំពួកគេមកពីក្រុងព្រះសីហនុ ទើបបង្កជាជម្លោះរវាងបុគ្គលិកជាជនបរទេស ជាមួយអ្នកគ្រប់គ្រងកាស៊ីណូ អូរស្មាច់រីសត ហើយពួកគេបាននាំគ្នាសម្រុកចេញពីកន្លែងស្នាក់នៅ តែត្រូវបានសន្តិសុខកាស៊ីណូរារាំង ក្រោយមកពួកគេបានយកអាវុធគំរាមក្រុមសន្តិសុខកាស៊ីណូវិញ ដោយអ្នកខ្លះដៃមានកាន់ដំបងទីប, ដំបងឈើ, និងអាវុធផ្សេងៗសម្រុកពីកាស៊ីណូ ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែន តែត្រូវកម្លាំងសមត្ថកិច្ចដែលមានកងរាជអាវុធហត្ថ និងប៉ូលិស នាំគ្នាចុះទៅអន្តរាគមន៍ ទប់ស្កាត់ បង្កជាបាតុភាពរញ៉េរញ៉ៃពេញដងផ្លូវតែម្ដង។ យ៉ាងណា ក្រោយមក កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្តនីតិវិធីច្បាប់តែម្ដង៕
រូបភាព៖ សកម្មភាពជនបរទេស៥៧នាក់ចេញធ្វើសកម្មភាពតវ៉ា។