ពលរដ្ឋក្រុងប៉ោយប៉ែតត្អូញត្អែរ និងរិះគន់ក្រុមហ៊ុនទឹកស្អាតអានកូ ក្រោយទឹកមានក្លិនស្អុយ និងកខ្វក់
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បានរិះគន់ចំៗទៅកាន់ក្រុមហ៊ុនទឹកស្អាតអានកូ ពាក់ព័ន្ធនឹងការធ្វើប្រព្រឹត្តិកម្មទឹកកង្វះអនាម័យ ពោលគឺមានក្លិនស្អុយ ព្រមទាំងមានភាពកខ្វក់ខ្លាំងរយៈពេលជាង២ខែទៅហើយ ខណៈប្រជាពលរដ្ឋខ្លះបានលើកឡើងថា ដំណោះស្រាយ ហាក់បីដូចជាមិនរហ័សដូចដែលពេលប្រមូលលុយថ្លៃសេវាកម្មប្រើប្រាស់ឡើយ…។
តាមរយៈរូបភាព និងប្រភពព័ត៌មានដែលប្រជាពលរដ្ឋផ្ដល់មកកាន់អង្គភាពសារព័ត៌មាន FBR TV Hot News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រយៈពេល២ខែចុងក្រោយនេះ ទឹកស្អាតរបស់ក្រុមហ៊ុនខាងលើបានប្រែក្លាយជាទឹកស្អុយ ទឹកមានពណ៌ល្អកកករ ដោយមិនអាចប្រើប្រាស់បាន ទើបពួកសម្រេចចិត្តដាក់ស្បៃត្រង និងកូរសាច់ជូរឱ្យថ្លារហូតដល់មានពេលខ្លះ ទឹកស្អាតដាច់រាប់ម៉ោងថែមទៀតផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរ ទៅកាន់អាជ្ញាធរក្រុង ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះមកពិនិត្យមើលផង ប្រសិនបើបន្តទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អុយ ព្រមទាំងកខ្វក់បែបនេះតទៅទៀត តើសុខភាពប្រជាពលរដ្ឋនឹងទៅជាយ៉ាងណា? ខណៈពលរដ្ឋមួយចំនួនបានប្រឈមនឹងបញ្ហាសុខភាព ដូចជាកើតកន្ទួលរមាស់ ដែលអាចកាន់តែធ្ងន់ធ្ងរជាងនេះ បើអាជ្ញាធរក្រុងព្រងើយកន្តើយបន្តទៀតនោះ។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់ ថា៖ មូលហេតុទឹកស្អាតក្នុងក្រុងប៉ោយប៉ែតប្រឈមការខ្វះខាត និងមានភាពកខ្វក់ ព្រោះកំណើនប្រជាជនស្នាក់នៅកាន់ច្រើនឡើង ពោលគឺប្រមាណ១៨ម៉ឺននាក់ ព្រមទាំងការដ្ឋានសំណង់មានការរីកច្រើនៗឡើងជាងមុន ខណៈដែលតម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនច្រើនឡើងផងដែរ។ លោកបន្តថា កន្លងមកក្រុមហ៊ុនអានកូ ធ្លាប់រាយការណ៍ថា ប្រជាពលរដ្ឋប្រើប្រាស់ទឹក៣ម៉ឺនម៉ែត្រគូបទេ តែបច្ចុប្បន្នប្រជាពលរដ្ឋប្រើប្រាស់លើសការកំណត់ទើបខ្វះទឹកប្រើប្រាស់ ហើយអាចបណ្តាលឱ្យអាងចម្រោះទឹកហូរចេញលឿន ទើបទឹកល្អកកកបែបនេះ ប៉ុន្តែនៅពេលខាងមុខ អាចលេងខ្វះទឹកប្រើប្រាស់ហើយ ព្រោះមានភ្លៀងធ្លាក់ជោគជាំ។
ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់ លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែតនេះ ត្រូវបានប្រជាពលរដ្ឋសម្ដែងការហួសចិត្ត ដ្បិតក្នុងនាមជាអាជ្ញាធរមូលដ្ឋានមិនជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទេ បែរជាឆ្លើយដោះសារកាន់ជើងក្រុមហ៊ុនឯកជនទៅវិញ? ពលរដ្ឋលើកឡើងថា សម្តីលោកអភិបាលរងក្រុងប៉ោយប៉ែតរូបនេះ គ្មានទំនួលខុសត្រូវក្នុងនាមអាជ្ញាធរជាម៉ែឪរបស់ពលរដ្ឋទេ តើសមហេតុផលដែរឬទេ ដែលត្រូវមកឆ្លើយដាក់បន្ទុកទៅលើកំណើនប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតរបៀបនេះ? តើមន្ត្រីជំនាញសាលាក្រុងដែលពាក់ព័ន្ធលើកិច្ចការនេះ មិនអាចវាយតម្លៃ ឬព្យាករជាមួយក្រុមហ៊ុនឯកជនក្នុងការវិនិយោគ លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទេឬ? ហើយត្រូវបណ្តោយឱ្យទឹកកខ្វក់នេះ ផ្ដល់ជូនពលរដ្ឋប្រើប្រាស់បន្តទៀត ឬត្រូវមានវិធានការអ្វីជាមួយក្រុមហ៊ុន? ឬមួយក៏លោកអភិបាលរងក្រុងទទួលបានភាគលាភអ្វីក្រុមហ៊ុនមែនទេ បានប្រឹងឆ្លើយដោះបន្ទុកទាំងមិនសមហេតុផលបែបនេះ? នេះជាការលើកឡើងរបស់ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត៕