ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ បានរអិលធ្លាក់ពីលើដងសន្ទូចខណ:រុះរើអាគារកាស៊ីណូឆេះនៅច្រកអន្តរជាតិប៉ោយប៉ែត

 

អស់ពីរឿងឆេះអគារ២លើកផ្ទួនៗ ពេលនេះកម្មករក្រុមហ៊ុនរុះរើកាស៊ីណូភ្លើងឆេះម្នាក់ ដាច់ខ្សែកាបធ្លាក់បែកគ្រឿងក្នុង

បន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតថា កម្មករក្រុមហ៊ុនរុះរើអគារកាស៊ីណូដែលត្រូវភ្លើងឆេះ បានដាច់ខ្សែកាបធ្លាក់ចុះមកក្រោមធ្លាយគ្រឿងក្នុង កកឈាមក្នុងពោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ហើយត្រូវបានក្រុមគ្រូពេទ្យវះកាត់សង្គ្រោះអាយុជីវិតភ្លាមៗ ពេលបញ្ជូនទៅដល់ កលាពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣…។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃពុធទី០៨កុម្ភៈនេះ អង្គភាពសារព័ត៌មាន SBM News បានចាត់ឱ្យភ្នាក់ងារ ចុះទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងទទួលបានដំណឹងថា បុរសជាកម្មករដែលរងគ្រោះនោះមានសុវត្ថិភាពហើយ ក្រោយក្រុមគ្រូពេទ្យធ្វើការវះកាត់បានដោយជោគជ័យ។

លោកវេជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជីវ ភឿក អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្រោយពីរូបគាត់ដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែកបណ្តាលឱ្យរអិលជើងធ្លាក់មកដីរងរបួសធ្ងន់ ត្រូវការវះកាត់បន្ទាន់។

លោកវេជ្ជៈបណ្ឌិត បញ្ជាក់ថា «ជនរងគ្រោះឈ្មោះ ជីវ ភឿក នោះ ត្រូវបានគ្រូពេទ្យជំនាញ ធ្វើការពិនិត្យតាមបច្ចេកទេសឃើញថា ជនរងគ្រោះធ្លាយគ្រឿងក្នុង ឬពោះវៀន បណ្តាលឱ្យឈាមដក់ក្នុងពោះ មានអាការៈឈឺចុកចាប់ធ្ងន់ធ្ងរ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជំនាញធ្វើការវះកាត់សង្គ្រោះអាយុជីវិតបន្ទាន់។ ការវះកាត់នោះ ទទួលបានជោគជ័យ ដោយក្រុមគ្រូពេទ្យធ្វើការវះកាត់តាំងពីយប់រំលងអាធ្រាត្រ រហូតដល់ម៉ោងពីរទៀបភ្លឺថ្ងៃទី០៨កុម្ភៈ បានរួចរាល់។​ ប៉ុន្តែ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យលាងសម្អាតសំណល់ចេញពីក្នុងពោះរហូតដល់ព្រឹក ទើបអាចសម្រេចថា គាត់បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជីវ ភឿក ជាកម្មកររបស់ក្រុមហ៊ុនរុះរើអគារកាស៊ីណូ ដែលត្រូវអគ្គិភ័យឆេះ កាលពីថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២ និងបានបង្កឱ្យមានមនុស្សស្លាប់២៧នាក់ រួមនឹងមនុស្សជិត១០០នាក់ទៀត បានរងរបួស។ អគារខ្មោចកាស៊ីណូមួយនេះ ត្រូវបានមហាជនដែលមានជំនឿអរូបីផ្លូវងងឹតជឿថា បារមីព្រះនរាយន៍ដែលស្ថិតនៅរង្វង់មូលច្រកព្រំដែននោះខឹងសម្បារ ទើបបង្កអគ្គិភ័យឱ្យឆេះឡើងតែម្ដង ព្រោញដ្បិតក្រុមហ៊ុនកាស៊ីណូទាំងពីរនោះ បានធ្វើស្ពានឆ្លងកាត់ទទឹងថ្នល់បាំងមុខព្រះនរាយណ៍ ទើបព្រះអង្គខឹងសម្បារតែម្ដង។ ជាមួយគ្នានោះ ក្រោយអគារនេះត្រូវបានពន្លត់ជាស្ថាពរ ក្រុមហ៊ុនរុះរើ បានចាប់ផ្តើមធ្វើសកម្មភាព ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះជាថ្មីម្ដងទៀត ធ្វើឱ្យអាជ្ញាធរផ្អើលឆោរឡោ នាំគ្នាយកទឹកមកបាញ់ពន្លត់ម្ដងទៀត ហើយពេលនេះ បែរជាមានកម្មករធ្លាក់ប៊ិះនឹងស្លាប់ថែមទៀត ដូច្នេះ ម្ចាស់ក្រុមហ៊ុនកាស៊ីណូទាំងពីរ គួរតែធ្វើពិធីសែនព្រេនសុំខមាលទោសដល់បារមីទៅ ទើបព្រះអង្គស្ងប់រលត់កំហឹងបាន។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលមានជំនឿអរូបីម្នាក់..៕

Related Articles

Back to top button