ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបទីតាំងបញ្ចាំម៉ូតូអត់ច្បាប់ អត់ឯកសារ រឹបអូសម៉ូតូបាន ៣៣គ្រឿង

កំពង់ធំ៖ សមត្ថកិច្ចខេត្តកំពង់ធំ បានចុះធ្វើការបង្ក្រាបទីតាំងបញ្ចាំម៉ូតូអត់ច្បាប់ អត់ឯកសារ និង រឹបអូសបានម៉ូតូ ៣៣គ្រឿង

នៅទីតាំងមួយកន្លែងក្នុងស្រុកតាំងគោក។

 

​ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលើនេះកម្លាំងចម្រុះ បានរកឃើញម៉ូតូចំនួន ៣៣គ្រឿង ហើយក្នុងនោះម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន ១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿង។

លោក ទិត សំណាង ស្នងការរងខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ​ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំង ឈ្មោះ លឹម សេង។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារ អត់ច្បាប់ និងម្ចាស់ ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលទ្រៀល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Related Articles

Back to top button