ផ្ទុះការចាប់អារម្មណ៍ ករណីម្ចាស់សង្វៀន ជល់មាន់ ប្រើហិង្សាវាយបុរសម្នាក់ បណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្ត..

ខេត្តកណ្តាល÷ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១.០០ មានករណីអំពើហឹង្សា នៅក្នុងកាស៊ីណូ មួយកន្លែងឈ្មោះយ៉ុងយ័ន្ត ដែលមានទីតាំងស្ថិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល បណ្តាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ី សង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។

ប្រភពបានបញ្ជាក់ថា មានករណីអំពើហិង្សានៅក្នុងកាស៊ីណូ
យ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។


ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ តើទង្វើទាំងនេះអាជ្ញាធរមានសមត្ថកិច្ច ខេត្តកណ្ដាលមិនដឹងទេឬ? បើតាមការវាយតម្លៃពីប្រជាពល រដ្ឋរស់នៅតំបន់នោះអះអាងថា អាជ្ញាធរមានសមត្ថកិច្ចសុទ្ធតែដឹងអំពីសង្វៀនជល់មាន់ក្នុងការស៊ីណូយ៉ុងយ័ន្តនោះ ប៉ុន្តែគេមិនចាត់វិធានការក៏ព្រោះតែវាជាបញ្ហាផល ប្រយោជន៍។ ផលប្រយោជន៍ត្រូវបានចែករំលែកយ៉ាងក្រាស់ក្រែលដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តកណ្ដាល។

ប៉ុន្តែចំពោះករណីហិង្សាដែលបានកើតឡើង នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនៅពេលថ្មីៗនេះគេរំពឹងថា រដ្ឋបាលខេត្តកណ្ដាលជាពិសេសនគរបាលខេត្ត មិនបណ្ដោយឲ្យជនបង្ករួចខ្លួននោះឡើយ។ ទង្វើរបស់មេកានៅក្នុងកាស៊ីណូខាងលើនេះ ហាក់ដូចជាកម្ពុជាមិនមានច្បាប់ទម្លាប់អ្វីត្រឹមត្រូវ។ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះជាពិសេសអ្នកចូលលេងល្បែងស៊ីសងមាន់ជល់ ក្នុងការស៊ីណូខាង លើនិយាយថា ច្បាប់ទម្លាប់អនុវត្តឬមិនអនុវត្តអាស្រ័យទៅលើអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាលនោះឯង។ ដូច្នេះគេរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចមិនបណ្ដោយឲ្យជនបង្កជាមេការនៅក្នុងកាស៊ីណូខាងលើ រួចខ្លួនដោយ ងាយៗនោះឡើយ៕ ពាក់ព័ន្ធជុំវិញករណីអំពើហឹង្សាខាងលើនេះ ជនរងគ្រោះត្រូវបានជនបង្ករបង់ជំងឺចិត្តភ្លាមៗចំនួន៣០០០ដុល្លារ។

Back to top button